ស្នេហាដំបូង «បញ្ចប់»


៚ឯខ្ញុំពិតជាពិបាកចិត្ត រឿងបែបនេះបើគិតពីបច្ចុប្បន្នវាជារឿងតូច តែសម័យនោះវាជាស្ថានភាពមួយដែលពិបាកសម្រាប់ខ្ញុំ ព្រោះថាខ្ញុំជាក្មេងដែលស្តាប់ឪពុកម្តាយ អោយទៅគឺទៅ អោយនៅគឺនៅ មិនដូចឥលូវទេ រឹងក្បាលចុ*យក្យ។

ខ្ញុំគិតអស់ពេលកន្លះថ្ងៃ ទើបសម្រេចចិត្តសុំថៅកែចាកចេញ វេលាអារហារល្ងាចរួចរាល់៖
»បង! ខ្ញុំសុំទៅផ្ទះ!
»ទៅធ្វើអី?  ការងារកំពុងតែសម្បូរ! (គាត់តបដោយមុខមាំ)
»ទៅច្រូតស្រូវ..ម៉ែអត់មានអ្នកច្រូតស្រូវទេ!
»ចាំពីថ្ងៃទៀត ចាំបងរកជាងបានសិន!(គាត់ដឹងថាខ្ញុំចេញហើយ)
»អត់ទេបង ខ្ញុំត្រូវតែទៅស្អែកហើយ។
»ជាងឯងពិបាកនិយាយម្លេះ? ជួយបងបុណ្នឹងអត់បាន។ កុំថាបងម្លើក..តែជាងឯងមកទីនេះដំបូង មិនបានសាច់ការអីទេ ដេរមិនស្អាតហើយយឺតទៀត តែបងអោយតំលៃពេញដូចជាងឯទៀតបាន ដោយមិននិយាយអីមួយម៉ាត់។

....គាត់និយាយធម្មតា តែខ្ញុំមានអារម្មណ៍ថាត្រូវមួយដំបងយ៉ាងដំណំ..ខ្ញុំនិយាយអ្វីមិនចេញទៀតទេ អោនមុខស្តុប ព្រោះខ្លាចគាត់ឃើញភ្នែកក្រហមរបស់ខ្ញុំ ព្រោះដូចចង់យំហើយ😥។ តែទីបំផុតគាត់ក៏និយាយសម្រេចចិត្ត៖
»ឯងហ្អា...ទៅគិតបញ្ជីអោយជាង។ (គាត់និយាយទៅប្រពន្ធគាត់ដែលនៅក្បែរនោះ)។
»បានហ្អើយជាង..ចេញទៅ។
ខ្ញុំក៏ដើរចេញពីបន្ទប់គាត់ជាមួយទឹកមុខសោកសៅបំផុតដែលមិនធ្លាប់កើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ។

វេលារាត្រីម៉ោង១០យប់ គ្រប់គ្នាលង់លក់អស់ រួមជាមួយនិងម្នាក់នោះផង។ គ្មានអ្នកណាដឹងថាស្អែកខ្ញុំត្រូវចេញ ខ្ជិលខល ខ្ជិលនិយាយប្រាប់។ខ្ញុំឡើងទៅជាន់លើបង្អស់ ហើយអង្គុយអង្រឹង ស្តាប់បទចម្រៀងមួយបទដែលខ្ញុំចូលចិត្ត គឺបទ" That Person"វាជាបទកូរ៉េ តែខ្ញុំស្តាប់មិនចេះធុញទេ។ខុសពីរាល់ដងដែលស្តាប់បទនេះ គឺច្រៀងតាមដោយអារម្មណ៍រីករាយ តែលើកនេះវាបែជាប្តូររស់ជាតិ អោយខ្ញុំកំសត់ទៅវិញ វិលវល់ ពិបាកចិត្ត ត្រូវរងសំពាធសម្តីថៅកែផង ហើយក៏រឿងស្នេហាផង។យប់កាន់តែជ្រៅ ខ្ញុំក៏លក់នៅលើអង្រឹងរហូតដល់ម៉ោងបួនទៀបភ្លឺ ទើបភ្ញាក់ តែមិនទាន់មានអ្នកណា ក្រោកពីដំណេកនៅឡើយទេ។ ខ្ញុំងូទទឹក ហើយរៀបចំបង្វិចខោអាវ ចាំរហូតដល់ម៉ោងប្រាំមួយ ភ្លឺស្រាងៗ ក៏ចុះមកជាន់ក្រោមរកម៉ូតូឌុបឡើងឡានក្រុង ដោយមិនលាអ្នកណា សូម្បីថៅកែ ព្រោះធម្មតាគាត់ក្រោកម៉ោងប្រាំបី ហើយខ្ញុំក៏មិនហ៊ានដែរ។ ជិះលើឡានក្រុងប្រហែលម៉ោង៨ព្រឹក ខ្ញុំក៏សម្រេចចិត្តខលទៅក្មួយម្នាក់ហ្នឹង៖
»អាឡូ..ក្រោកនៅ?
»ក្រោយហើយ ម៉ោងឡើងប្រាំបីហើយហ្នឹង!
» ស្មានអត់ទាន់ក្រោក!
»ហើយម៉េចបានពូចេញ? អត់ប្រាប់ញ៉ុមម៉ាត់សោះ!
»ស្រូវទំហើយ ម៉ែអត់មានអ្នកច្រូត!
»ជឿល្អោចហើយ....មានរឿងអីមែន?
»គ្មានទេ..!
»ក្រែងលោខឹងញ៉ុម..!
»ខឹងអី..!គ្មានរឿងអីត្រូវខឹងទេ!
»ណ្ហើយ..បើទៅហើយសូមអោយសុខសប្បាយ!
»ដូចគ្នា! .. អឺនែ...ចឹងប៉ុណ្នឹងសិនហើយ(អត់ដឹងយាអីទៀត យាយអត់ចេញ ស្មានមិនដឹងអារម្មណ៍គេបែបណា)។ ហើយខ្ញុំក៏បិទទូរសព្ទទៅ ជិះឡានក្រុងមើលទេសភាពបណ្តែតអាម្មណ៍តាមវាយោ ស្តាប់បទចម្រៀងកំសត់ត្រូវរឿង ចង់តែហូរទឹកភ្នែក។ ពីកំពង់សោមមកព្រៃវែង ចំណាយពេលប្រាំមួយម៉ោងជាងទើបដល់ស្រុក។  មកដល់ស្រុកបានមួយថ្ងៃ ខ្ញុំក៏ឡើងទៅខេត្តបន្ទាយមានជ័យ គឺធ្វើការនៅទីនោះជាមួយបងនៅក្នុងភូមិជាមួយគ្នា។
បន្ទាយមានជ័យ កំពង់សោម ខានឃើញមុខគ្នា លឺតែសំលេង ពាក្យមួយឃ្លា"ឃ្លាតកាយណាយចិត្ត" ហាក់មានប្រសិទ្ធភាពចំពោះរឿងខ្ញុំ ។យូរទៅការនិយាយស្តីលែងជាន័យស្នេហា ប្រែជាការធ្លាប់ស្គាល់គ្នាធម្មតា ហើយរហូតដល់ពីរខែនិយាយគ្នាតែម្តងក៏មាន។ប្រហែលពីឆ្នាំក៏លេចលឺដំណឹងគេរៀបការ ខ្ញុំក៏សាកខលទៅសួរគេ ទូរសព្ទចិនដូរដល់ទៅបី សុីមដូរស្ទើរប្រាំសុីម តែលេខនោះមិនបាត់ឡើយ ព្រោះSaveក្នុងខួរក្បាលរហូតមកដល់ពេលនេះ គឺជិត១០ឆ្នាំហើយ។ ជាស្តែងគេប្រាប់ថានិងរៀបការមែន ហើយក៏ប្រាប់ខ្ញុំតាមទូរសព្ទតែម្តង តែគេមិនបង្ខំទេ បើទៅសប្បាយចិត្ត មិនទៅក៏មិនអីដែរ។
បងៗធ្លាប់ធ្វើការនៅទីនោះ(កំពងសោម) គេទៅគ្រប់គ្នា លើកលែងតែខ្ញុំ ហេតុផលនោះគឺមិនហ៊ានប្រឈមមុខជាមួយថៅកែ ព្រោះធ្វើអោយគាត់ខឹងមិនស្ទើរនៅថ្ងៃនោះ។

ចំណែកខ្លួនឯងប្រហែលជាមានវិប្បដិសារី នៅពេលរំលឹករឿងចាស់ៗឡើងវិញ ព្រោះគេជាស្រីល្អ ស្អាត សុភាព អៀន តែធ្វើច្រើនជាងនិយាយ ហើយជាមនុស្សដែលស្រួលនិងចុះសម្រុងបំផុតដែលខ្ញុំធ្លាប់ជួបនៅពេលនេះ ចំណុចល្អទាំងនេះ បើទោះជាយូរឆ្នាំ ក៏នៅតែនឹក ហើយក៏ស្តាយខ្លះដែរ បើខ្ញុំមិនចេញពីទីនោះ ខ្ញុំនិងគេប្រហែលមានលទ្ធផលដ៏ពេញចិត្តមួយ។ តែក៏ទទួលស្គាល់អ្វីដែលកើតឡើងនៅពេលនេះ។

បន្ទាប់ពីនោះក៏ផ្តាច់ការទាក់ទងជាផ្លូវការ កន្លងប្រហែលបួនឆ្នាំ សម័យកាន់តែជឿនលឿន FaceBookក៏លេចមុខមក ចង្រៃមិនដឹងហ្វ្រេនគ្នាពីកាលណា អូសឃើញគេផុសជាមួយគ្រួសារគេ ភ្ញាក់ដូចឃើញពស់ លឿនមែនគេកូនពីរបាត់ទៅហើយ ខ្ញុំcommentសួរសុខទុក្ខ ឈានទៅដល់ការឆាត និយាយនិយាយឡើង ធ្លាយរឿងចាស់ គេថា ពេលនោះគេក៏ស្រលាញ់ខ្ញុំ...ហុឹម...។

*ភាគ១៖ចុចទីនេះ

ដោយ៖ល្បងឆេន

No comments:

Post a Comment